ព័ត៌មានអេឡិចត្រូនិច
សាលារៀនចំនួន ៤៣សាលា នៅតំបន់ពាយ័ព្យត្រូវបានជ្រើសរើសដើម្បីផ្ដល់បន្ថែមនូវកម្មវិធីសិក្សាអប់រំពិសេស ពីសុវត្ថិភាពក្នុងការប្រើប្រាស់ និង ការកាន់កាប់ដីធ្លី។ សកម្មភាពនេះកើតឡើង ក្រោមកិច្ចសហការជាមួយគំរោងអេកូសនតាមរយៈ ក្រសួងអប់រំ យុវជននិងកីឡា ក្រោមការឧបត្ថម្ភគាំទ្រ ដោយសហគមន៍អឺរ៉ុប និងរាជរដ្ឋា ភិបាលកម្ពុជា។
លោក កែវ ឈុនលី ប្រធានផ្នែក ការប្រើប្រាស់ និងកាន់កាប់ដីធ្លីប្រកបដោយសុវត្ថិភាពនៃគំរោងអេកូសន មានប្រសាសន៍ថា កម្មវិធីនេះសំខាន់ណាស់ ក្នុងការផ្ដល់ចំណេះដឹងបន្ថែមពីសុវត្ថិភាពដីធ្លី ឱ្យដល់ប្អូនៗសិស្សានុសិស្សរបស់យើងដែលរស់នៅតំបន់ដាច់ស្រយាល ដែលពួកគេខ្វះខាតមធ្យោបាយទទួលបានព័ត៌មាន ជា ពិសេស បញ្ហាដីធ្លីនេះឯង ដែលជាប់ពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់គេនិងរយៈពេលវែង។
លោកបញ្ជាក់ទៀតថាអនុវិទ្យាល័យ និងវិទ្យាល័យទាំង៤៣ ស្ថិត នៅក្នុងតំបន់គោលដៅទាំង១៤
ស្រុក ក្នុងខេត្ដបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ត្រូវជ្រើសរើសយកជាសាលារៀនអនុវត្ដកម្មវិធីសាកល្បងរយៈពេលចំនួន៣ខែដំបូង នៅដើមឆ្នាំ ២០០៩ ក្រោយពីបានរៀបចំមេរៀនរួចរាល់នាខែធ្នូឆ្នាំ២០០៨។
កម្មវិធីសិក្សានេះបង្កើតឡើងដោយអេកូសន-ក្រសួងអប់រំ ដើម្បីអប់រំសិស្សានុសិស្សនិងអ្នកភូមិនៅក្នុងតំបន់គោលដៅ ដើម្បីឱ្យពួកគេបានយល់កាន់តែច្បាស់អំពីសុវត្ថិភាព និងតម្លៃដី។
ក្នុងកម្មវិធីសិក្សានេះមានចំនួនប្រាំពីរសំណុំមេរៀនធំៗ ហើយសំណុំមេរៀននីមួយៗបានផ្ដោតទៅលើបញ្ហាដាច់ដោយឡែកពីគ្នាទាក់ទិននឹងដី និងការអភិវឌ្ឍប្រកបដោយចីរភាព ៖ លើកកម្ពស់ការយល់ដឹងពី ការគ្រោះថ្នាក់ដោយសារមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប័ណ្ណកម្មសិទ្ធិដី ជម្លោះដីធ្លី សុវត្ថិភាពដី ដីនិងជី ដីនិងទឹក ដីនិងរុក្ខជាតិ ដីនិងសត្វ ដីនិងអាកាសធាតុ ទំហំដីនិងតម្លៃដី ដីនិងប្រាក់កម្ចី ដីនិងការលក់ដូរ វឌ្ឍនភាពកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់លំនៅដ្ឋាន ភាពក្រីក្រនិងប័ណ្ណដីធ្លី ការពង្រឹងអំណាចនិងប័ណ្ណដីធ្លីនិងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងដីធ្លី។
កម្មវិធីនេះជាកម្មវិធីសិក្សាបន្ថែមគឺមានបំណងលើកកម្ពស់ ការយល់ដឹងដល់អ្នកភូមិ និងសហគមន៍មូលដ្ឋានជាពិសេស សិស្សសាលាថ្នាក់ទី៧ដល់ ថ្នាក់ទី១០។
លោក កែវ ឈុនលី មានប្រសាសន៍ថា នៅពេលដែលប្រជាពលរដ្ឋបានយល់ពីបញ្ហាទាំងនេះ ហើយនោះ ពួកគេក៏បានយល់ផងដែរពីការអភិវឌ្ឍប្រកបដោយចីរភាពដែលនឹងនាំពួកគេទៅកាន់ជីវភាពមួយល្អប្រសើរឡើង។
លោកក៏បានបន្ថែមផងដែរថា ដើម្បីឱ្យបានដល់គោលដៅ គំរោងអេកូសន ចាត់ទុកសិស្សានុសិស្ស ជាធនធានមនុស្សដ៏សមស្របបំផុត និងនៅពេលដែលពួកគេបានយល់ច្បាស់មកពីសាលារៀនពួកគេនឹងយកសារទាំងនោះទៅផ្សព្វផ្សាយបន្ដដល់ឪពុកម្ដាយ និងញាតិជិតខាង ហើយនឹងនៅតាមគេហដ្ឋានរបស់ពួកគេទៀតផង។ យើងជឿថា សិស្សានុសិស្ស ដែលទទួលបាននូវចំណេះដឹងពីបញ្ហាដីធ្លីពីសាលា នឹងពន្យល់ទៅឪពុកម្ដាយរបស់គេ ពីផលប៉ះពាល់ដែលបណ្ដាលមកពីការបាត់បង់ដីធ្លីមិនខានឡើយ ហេតុនេះប្រជាពលរដ្ឋត្រូវតែយល់ដឹងពីបញ្ហាដីធ្លីនេះ។
លោក ឈុនលី បានបង្ហើបឱ្យដឹងថា ៖ ក្រោយពីការក្រេបជញ្ជក់ចំណេះដឹងរយៈពេល ៩ខែ ពីសាលារៀនរួចមកអេកូសន និង ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំធ្វើសិក្ខាសាលាថ្នាក់ជាតិមួយដោយយកប្រធានបទនៃចំនុចខ្លាំងនិងខ្សោយក្នុងកិច្ចដំណើរការកម្មវិធីមកពិភាក្សាវែកញែកកែលំអរកម្មវិធីនេះឱ្យកាន់តែប្រសើរឡើងហើយបើមានលទ្ធភាពសិក្ខាសាលានឹងពិចារណាលើការដាក់បញ្ចូលកម្មវិធីសិក្សានេះទៅក្នុងកម្មវិធីសិក្សាអប់រំថ្នាក់ជាតិ។
គំរោងនេះត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អឺរ៉ុបហើយក្នុងនេះគំរោងអេកូសនមានគោលបំណងជំរុញឱ្យសហគមន៍ដើរតួសំខាន់ជាភ្នាក់ងារផ្ដល់ការកសាងសមត្ថភាពលើកកម្ពស់ការយល់ដឹង និងគាំទ្រដល់ការទទួលបាននូវប័ណ្ណដីធ្លី និង បញ្ហាផ្សេងទៀតដែលទាក់ទងទៅនឹងបញ្ហាដីធ្លីដល់អ្នកភូមិ នៅតាមតំបន់ គោលដៅទាំង៩០ភូមិ ក្នុងចំណោម ៤០ឃុំ។
លោក ឈុនលី បញ្ជាក់ប្រាប់យើងថា នៅពេលដែលអ្នកភូមិបានយល់ជ្រួតជ្រាបពីសារសំខាន់នៃដីហើយ ពួកគេនឹងធ្វើការអភិវឌ្ឍលើដីរបស់ពួកគេ ឱ្យបានយូរអង្វែងជាមិនខាន។ ហើយប្រសិនបើគេប្រថុយលក់ដី គឺពិតជាដូរយកបានមកវិញនូវផលប្រយោជន៍តែរយៈពេលខ្លីប៉ុណ្ណោះ នៅពេលនោះពួកគេនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងពេលដ៏ខ្លីខាងមុខ។ នៅពេលអស់ដីធ្លីពួកគេ និងកូនចៅជំនាន់ក្រោមុខជាទទួលរងនូវផលប៉ះពាល់អវិជ្ជមាន និងចំនួនមនុស្សនៃចំណាកស្រុក និងភាពក្រខ្សត់កាន់តែកើនឡើងលើបន្ទុក
របស់ពួកគេថែមទៀត។